ដំណាំម្នាស់
១. ការរៀបចំរង
យើងត្រូវភ្ជួរដីឲ្យបានស្អាត ទុកចោល ១សប្ដាហ៍ បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែលមានបណ្ដោយ ២០ម៉ែត្រ និងចន្លោះចង្អូរប្រវែង ១ម៉ែត្រ រួចដាក់ជីអាចម៍គោតាមចង្អូរ ហើយលប់ដីពីលើ ។
២. ការដាំម្នាស់
យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជី អាចម៍គោ ដែលមានចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែងពី ៣ ទៅ ៤តឹក និងចន្លោះរង ប្រវែងពី ៦ ទៅ ៨តឹក ។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណ ១តឹក ។
៣. ការសម្អាតស្មៅ ពូនគល់ និងការគ្របរង
ស្មៅចាប់ផ្ដើមដុះក្រោយយើងដាំរួចរយៈពេល១ខែ យើងត្រូវត្រួតពិនិត្យមើល បើឃើញថាមានស្មៅដុះកំពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជំរះស្មៅចេញ រួចពូនរងនិងយកស្មៅងាប់ ឬដើមកន្ទ្រាំងខែត្រ ឬអង្កាមដាក់ពីលើរងឲ្យបានច្រើន ដើម្បីឲ្យកើតជាជី និងបន្ថយការលួតលាស់របស់ស្មៅ ។
៤. ការដាក់ជី
- ការដាក់ជីទ្រាប់បាត៖ យើងដាក់ជីលាមកសត្វ ប្រមាណ៣ការុង ឬ៣០គីឡុក្រាមពីលើចង្អូររងប្រវែង២០ម៉ែត្ររួចកាប់ជ្រោយឲ្យបានសព្វមុខពេលដាំ ។
-
ការដាក់ជីបំប៉ន៖ យើងប្រើជី២ដងសម្រាប់បំប៉នដើមម្នាស់ឲ្យលូតលាស់ល្អ ។ ត្រូវសម្អាតស្មៅឲ្យបានស្អាតជាមុនសិន និងត្រូវដាក់ជីក្រោយភ្លៀងធ្លាក់សម្រាប់រដូវវស្សា ។ នៅរដូវប្រាំងយើងត្រូវយកប្រើជីទឹកចំណុះ២០លីត្រសម្រាប់កូនម្នាស់១០០ដើម ។ ត្រូវចាក់ស្រោចតាមគល់កុំឲ្យទឹកជីចូលក្នុងបណ្ដូលដើមម្នាស់ ។
- លើកទី១: ត្រូវដាក់ជីក្នុងរយៈពេល១ខែ កន្លះ ក្រោយដាំ ប្រើជីអ៊ុយរ៉េ១គ.ក្រ សំរាប់ កូនម្នាស់២០០ដើម ។
- លើកទី២: ត្រូវដាក់ជីក្នុងរយៈពេល២ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េ ម្ដងទៀត១គ.ក្រ សំរាប់កូនម្នាស់ ២០០ដើម ។
- លើកទី៣: ពេលម្នាស់ចាប់ផ្ដើមចេញផ្កា ប្រើជី២០-២០-១៥ ១គ.ក្រ សំរាប់កូនម្នាស់២០០ដើម ។
ចំណាំ៖ យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងដើមកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េក៏បាន ។ យើងប្រើទឹកជី១ធុងចំណុះ២០ លីត្រ សំរាប់ម្នាស់១០០ដើម ។
៥. ស្រោចស្រព
បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរួច និងត្រូវស្រោចវារៀងរាល់១ខែម្ដងរហូតដល់ភ្លៀងធ្លាក់ ។
៦. កាច់សម្អាតខ្នែង
ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដើមម្នាស់ កំពុងលូត លាស់ទេ ប៉ុន្តែយើងគួរតែត្រួតពិនិត្យមើលបើឃើញមានខ្នែង ត្រូវកាច់ចេញដោយទុក តែដើមមេមួយប៉ុណ្ណោះ ដើម្បីអោយបានផ្លែធំ ។
៧. ជំរុញផ្កា
ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើសពី២០ ឡើងទៅ ។ យកថ្មស្អុយលេខ១ចំនួន ៣ខាំលាយជាមួយទឹក១ធុងចំណុះ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូល ក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ ។ ជាធម្មតា ល្បាយទឹកថ្មស្អុយ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ ។ ក្រោយចាក់ថ្មស្អុយ រយៈពេល៤ខែ ២០ថ្ងៃទើបម្នាស់ទុំអាចកាច់យកលក់បាន ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ